ក្រុមហ៊ុន Lucid Motors បានប្រកាសចេញជាផ្លូវការនូវរថយន្ត Sedan អគ្គិសនីប្រណីតម៉ូដែល Lucid Air ដែលនៅពេលបំពាក់ Option ពេញ វាគឺជារថយន្តអគ្គិសនីដែលមានកម្លាំងខ្លាំង និងជិះបានឆ្ងាយបំផុត។
Lucid Air មានចំណុចខ្លាំងជាច្រើន ដែលលេចធ្លោជាងរថយន្តគូប្រជែងម៉ូដែល Tesla Model S និង Porsche Taycan។ ក្នុងនោះវាមានសមត្ថភាពសាកបានថាមពលល្បឿនលឿន ដោយការសាកមួយនាទី អាចជិះបានដល់ ៣២គីឡូម៉ែត្រ ដែលមានន័យថាសាកខ្ទង់ ២០នាទី ជិះបានចម្ងាយប្រហែល ៤៨២គីឡូម៉ែត្រ។ រថយន្តនេះដែរអាចជិះបានចម្ងាយដល់ទៅ ៨៣២គីឡូម៉ែត្រ ពេលសាកភ្លើងពេញ ខ្លាំងជាង Tesla Model S ដែលជិះបានចម្ងាយ ៦៤៦គីឡូម៉ែត្រ។
Lucid Air នឹងមានផ្ដល់ជម្រើសកម្លាំងច្រើនប្រភេទ ដោយសម្រាប់ប្រភេទ Option ខ្ពស់ៗវាអាចផលិតកម្លាំងបានចម្លោះពី ៦២០សេះ រហូតដល់ ១០៨០សេះ តាមរយៈការប្រើម៉ូទ័រអគ្គិសនីពីរ និងប្រព័ន្ធបើកបរប៉ុងពីរ។ សម្រាប់កម្លាំង ១០៨០សេះ អាចឲ្យរថយន្តនេះស្ទុះពី ០-៩៦គ.ម/ម៉ ក្នុងពេលត្រឹម ២,៥វិនាទី។
ចំពោះតម្លៃវិញ Lucid Air គឺមានចាប់ពី ៨ម៉ឺនដុល្លារ រហូតដល់ថ្លៃបំផុត ១៦៩ ០០០ដុល្លារ ដែលចាប់ផ្ដើមលក់លើទីផ្សារនាពាក់កណ្ដាលឆ្នាំ ២០២១ តទៅ៕